ចេញ​មុខ​ដោះ​ស្រាយ​បំណុល​ ព្រោះ​ជា​បង្គោល​គ្រួសារ

  ខាង​ក្រោម​នេះ​គឺ​ជា​រឿង​រ៉ាវ​របស់​យុវជន​មួយ​រូប​ ដែល​បាន​រៀប​រាប់​ពី​ការ​​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ ចំពោះ​​អ្នក​មាន​គុណ​ទាំង​ពីរ​ និង​បង​ប្អូន​​ប្រុស​ស្រី​​ ក្នុង​នាម​​ជា​បង្គោល​គ្រួសារ។ ​យុវជន​រូប​នេះ​​​បាន​តស៊ូ​ ជម្នះ​ឧបសគ្គ​​បន្តិច​ម្តង​ៗ ដើម្បី​ដោះ​ស្រាយ​​បញ្ហា​បំណុល​ដ៏​​ច្រើន​សន្ធឹក​សន្ធាប់​ ដែល​គ្រួសារ​ជំពាក់​​គេ។​ ​តើ​យុវជន​​រូប​នេះ​​មាន​វិធីសាស្រ្ត​យ៉ាង​ណា​ដើម្បី​ដោះ​ស្រាយ​បំណុល​ទាំង​នោះ​​? សូម​ប្រិយ​មិត្ត​អាន​នូវ​ខ្លឹម​សារ​អត្ថបទ​​របស់​យុវជន​ ដែល​​បាន​​​ផ្ញើ​មក​កាន់ ​sabay ​ផ្ទាល់​ដូច​តទៅ​៖​
      តើ​​នរណាជា​បង្គោល​​គ្រួសារ​? ​ហេតុ​អ្វី​ក៏​ជា​ខ្ញុំ​? ​ប្រសិន​បើ​និយាយ​ពី​ពាក្យ​នេះ​ គឺ​ស្តាប់​មើល​ទៅ​ហាក់​ដូច​ជា​មាន​អំនួត​​ និង​មោទនភាព​​​ចំពោះ​​ខ្លួន​​ឯង​ខ្លាំង​ណាស់​ ​ព្រោះ​ក្លាយ​ជា​បង្គោល​ដ៏​រឹង​មាំ​មួយ​ ដែល​អាច​ឲ្យ​​សមាជិក​​ក្នុង​គ្រួសារ​ទាំងអស់​ពឹង​ផ្អែក​បាន​ ​មាន​សិទ្ធិ​ចាត់​ ចែង​រាល់​ការងារ​ធំ​តូច​ទាំង​អស់​ក្នុង​គ្រួសារ។​ ប៉ុន្តែ​ហេតុ​អ្វី​ក៏​តួនាទី​នេះ​ត្រូវ​ធ្លាក់​មក​ខ្ញុំ​?​ ខ្ញុំ​គ្រាន់​តែ​ជា​កូន​ប្រុស​ទី២​ នៅ​ក្នុង​គ្រួសារ​តែ​ប៉ុណ្ណោះ។ ក្នុង​ឆ្នាំ​ ២០០៥ ​​​ដោយ​សារ​តែ​ឪពុក​របស់​ខ្ញុំ​គាត់​មិន​សូវ​មាន​សុខ​ភាព​ល្អ​ ដូច​នេះ​បង​ប្រុស​របស់​ខ្ញុំ​ត្រូវ​ទទួល​បន្ទុក​ចាត់​ចែង​ការ​រក​ស៊ី​ ​និង​ការ​ចាយ​វាយ​ទាំង​ឡាយ​ក្នុង​ផ្ទះ​។ ពួក​យើង​មិន​មែន​ជា​គ្រួសារ​ដែល​សម្បូរ​ធូរ​ធារ​នោះ​ទេ។​ អាច​និយាយ​បាន​ថា ​ជា​គ្រួសារ​ទើប​បង្កើត​ថ្មី​ក៏​ថា​បាន​ ព្រោះ​ទាំង​ឪពុក​ និង​ម្ដាយ​របស់​ខ្ញុំ​ទើប​តែ​បាន​ធូរ​ស្បើយ​ពី​ជំងឺ​បាន​១​ឆ្នាំ ទៅ​​២​ឆ្នាំ​​ប៉ុណ្ណោះ។
     ឆ្នាំ​នោះ ​បង​ប្រុស​របស់​ខ្ញុំ​បាន​បង្កើត​មុខ​របរ​ថ្មី​មួយ​ ​គឺ​បម្រើ​សេវាកម្ម​ទូរសព្ទ​ទៅ​ក្រៅ​ប្រទេស​។​ ​នេះ​ជា​ជំហាន​ថ្មី​មួយ​ ដែល​បាន​នាំ​គ្រួសារ​របស់​ខ្ញុំ​ទៅ​កាន់​បំឡាស់​ប្ដូរ​ថ្មី​មួយ​ដ៏​គួរ​​ឲ្យ​​​កត់​សំគាល់​។ ម្នាក់ៗ​ចាប់​ផ្ដើម​និយាយ​ពោរ​ពេញ​ក្តីសង្ឃឹម​ឡើង​វិញ ​មិន​ដូច​ជា​ប៉ុន្មាន​ឆ្នាំ​មុន​ឡើយ​។ ​ក្នុង​ឆ្នាំ​នោះ​ដែរ ​ខ្ញុំ​មិន​បាន​នៅ​ជួប​ជុំ​ជា​មួយ​គ្រួសារ​ទេ ​ដោយ​ខ្ញុំ​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​គរុកោសល្យ​ ហើយ​បាន​ចេញ​ទៅ​បង្រៀន​ដល់​ក្មេងៗ​កម្រិត​​បឋម​សិក្សា​ ​នៅ​សាលា​ក្នុង​តំបន់​ដាច់​ស្រយាល​មួយ​។ ​ម្នាក់ៗ​ត្រូវ​សន្សំ​សំចៃ ដើម្បី​ជម្រុញ​​គ្រួសារ​មួយ​នេះ​ឲ្យ​​រុង​រឿង​ឡើង ​ហើយ​ក៏​​ដើម្បី​​អនាគត​​ដ៏​រុង​​រឿង​មួយ​សម្រាប់​ខ្លួន​ខ្ញុំ​ ​និង​គ្រួសារ​ទាំង​មូល​។
       ឆ្លង​កាត់​ពេល​វេលា​​២​ឆ្នាំ​ដ៏​លំបាក​ ​មុខ​របរ​ថ្មី​របស់​បង​ប្រុស ​ខ្ញុំ​ហាក់​ចេញ​ផ្លែផ្កា​ស្រស់​បំព្រង​ ក្នុង​គ្រួសារ​ចាប់​ផ្ដើម​មាន​ភាព​រីករាយ​ ​ពួក​យើង​ចាប់​ផ្ដើម​​មាន​​ក្តី​ស្រមៃ​ ដែល​ខ្លួន​បាន​ប្រាថ្នា​។ ពេល​នោះ​ដែរ​ខ្ញុំ​សន្សំ​បាន​ប្រាក់​មួយ​ចំនួន​គ្រប់​ល្មម​សម្រាប់ ​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​​បាន​២ទៅ​​៣​ឆ្នាំ​​ដែរ។ ​​ខ្ញុំ​ក៏​បាន​ព្យួរ​ការងារ​បង្រៀន​ ហើយ​ត្រឡប់​មក​ជួយ​ការងារ​នៅ​ផ្ទះ​ផង​ និង​រៀន​បន្ត​ផង​។ ថ្វី​ត្បិត​ថា​គ្រួសារ​របស់​ខ្ញុំ​បាន​ធូរធារ​ជាង​មុន​​ ​​តែ​មិន​មាន​ន័យ​ថា​ ពួក​គាត់​មាន​លទ្ធ​ភាព​ចំណាយ​លុយ​ ​មក​លើ​ការ​សិក្សា​របស់​ខ្ញុំ​នោះ​ទេ​ ព្រោះ​ពួក​យើង​នៅ​មាន​ប្អូន​ប្រុស​ស្រី​២​នាក់​ទៀត​នៅ​កំពុង​រៀន​។
     ពេល​រៀន​ដល់​ឆ្នាំ​ទី​៣ ​ប្រាក់​សន្សំ​របស់​ខ្ញុំ​ក៏​អស់​​ ​ដូច្នេះ​ខ្ញុំ​​ក៏​ចាប់​ផ្ដើម​​ស្វែង​ការ​ងារ​ ដើម្បី​រក​ប្រាក់​មក​រៀន​បន្ត។ ​ជា​សំណាង​ល្អ ​ខ្ញុំ​បាន​ទទួល​ការងារ​មួយ​ ​ប៉ុន្តែ​ការងារ​នោះ​រវល់​ណាស់​ ហើយ​ខ្ញុំ​ក៏​ត្រូវ​ទៅ​ធ្វើ​នៅ​ខេត្ត​ផ្សេង​ទៀត​ធ្វើ​អោយ​ខ្ញុំ​សម្រេច​ចិត្ត​ព្យួរ​ការសិក្សា​មួយ​រយៈ​។
    អំឡុង​ពេល​ធ្វើ​ការ​ ​ខ្ញុំ​តែង​ផ្ញើ​ប្រាក់​ខែ​របស់​ខ្ញុំ​មួយ​ចំនួន​ធំ​ ​មក​ជួយ​ដល់​គ្រួសារ​​នៅ​ផ្ទះ​។ ​រយៈ​ពេល​ចេះ​តែ​ដើរ​ទៅ​មុខ​។ ២​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ​ ​ខ្ញុំ​នៅ​តែ​មិន​មាន​ពេល​មក​បន្ត​ការ​សិក្សា​។ ដំណឹង​មិន​ល្អ​ជា​ច្រើន​អំពី​ផ្ទះ​របស់​ខ្ញុំ​ ​បាន​មក​ដល់។ ពិត​ណាស់​ខ្ញុំ​តែង​និយាយ​ទូរសព្ទ​ជាមួយ​ម្ដាយ​របស់​ខ្ញុំ​ជា​ញឹក​ញាប់​ ​ប៉ុន្តែ​គាត់​មិន​​ដែល​និយាយ​អ្វី​ប្រាប់​ខ្ញុំ​នោះ​ទេ​។ រហូត​ពេល​រឿង​រ៉ាវ​កាន់​តែ​ធំ​ឡើង​ ​មិន​អាច​នឹង​លាក់​បាំង​បាន​ ​នោះ​ទើប​លេច​ឮមក​ខ្ញុំ​បាន។ ​​​បង​ប្រុស​របស់​ខ្ញុំ​មាន​បំណុល​ជា​ច្រើន​ ដែល​នៅ​ជាប់​ជំពាក់​វាក់​វិន​ដោះ​ស្រាយ​មិន​ចេញ​។
​   អ្នក​ម្តាយ​​របស់​ខ្ញុំ​ពិបាក​ចិត្ត​ណាស់ ​​គាត់​លួច​យំ​រាល់​ថ្ងៃ​ព្រោះ​បារម្ភ​ពី​កូន​ប្រុស​ដែល​ធ្លាប់​រឹង​ប៉ឹង​របស់​គាត់​ និង​​កូន​ប្រុស​ស្រី​២នាក់​ទៀត​ ​ដែល​កំពុង​សិក្សា​។​ ​តើ​គាត់​ត្រូវ​ធ្វើ​យ៉ាង​ណា​សម្រាប់​បំណុល​ដ៏​ច្រើន​នោះ ​បើ​គាត់​មិន​ចេះ​សូម្បី​តែ​សរសេរ​អក្សរ​​ផង?
    ចម្ងល់​ជា​ច្រើន​បាន​កើត​ឡើង​ ក្នុង​ការ​គិត​របស់​ខ្ញុំ​ ​ក៏​ដូច​សមាជិក​ដទៃ​ទៀត​ក្នុង​គ្រួសារ​ ថា​តើ​បង​ប្រុស​របស់​ខ្ញុំ​យក​ប្រាក់​នោះ​ទៅ​ណា​?​ហើយ​យក​ទៅ​ធ្វើ​អ្វី​?​ ​ទាំង​នេះ​សុទ្ធ​តែ​ជា​សំណួរ​ដែល​គ្មាន​​ចម្លើយ​ ព្រោះ​មាន​តែ​បង​ប្រុស​របស់​ខ្ញុំ​តែ​មួយ​គត់​ដែល​គាត់​ដឹង​ ប៉ុន្តែ​​គាត់​ក៏​មិន​ដែល​និយាយ​ប្រាប់​អ្នក​ណា​ដែរ។​
    ដោយ​មាន​ការ​បារម្ភ​ពី​គ្រួសារ​ ​ជាពិសេស​គឺ​ម្ដាយ​របស់​ខ្ញុំ​ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ផ្លាស់​ប្តូរ​ការងារ​មក​នៅ​ក្បែរ​ផ្ទះ​ ​ហើយ​បោះ​បង់​ចោល​អ្វីៗ​ ​ដែល​ខ្ញុំ​មាន​ និង​ដែល​ខំ​កសាង​ទាំង​ញើស​ទាំង​ឈាម​នៅ​កន្លែង​ការងារ​ចាស់​ ​ទាំង​ក្តី​អាល័យ​ ​និង​ការ​សោក​ស្ដាយ​​ ​​ជាពិសេស​គឺ​ខុស​ឆ្គង​ចំពោះ​ប្រធាន​របស់​ខ្ញុំ​ ដែល​បាន​ដាក់​ជំនឿ​ចិត្ត​ទាំង​ស្រុង​មក​លើ​ខ្ញុំ​។
     ចុង​ឆ្នាំ​២០១០​ ​ពេល​នោះ​ហើយ​ ​ដែល​ពាក្យ​ថា​បង្គោល​គ្រួសារ​បាន​ធ្លាក់​មក​លើ​ខ្ញុំ​វិញ​។​ វា​មិន​មែន​ជា​ការងារ​ងាយ​ស្រួល​ទេ ​សំពាធ​ដ៏​ធ្ងន់​បាន​ធ្លាក់​មក​លើ​ខ្ញុំ​ទាំង​​គំហុក​បែប​នេះ​ ​ទាំង​សំពាធ​ការងារ​ថ្មី​ ទាំង​សំពាធ​គ្រួសារ។ ​ខ្ញុំ​ពុំ​ដែល​បាន​គេង​លក់​ស្រួល​មួយ​យប់​ណា​ឡើយ​ ខ្ញុំ​ខំ​ព្យាយាម​រិះ​រក​វិធី​គ្រប់​យ៉ាង​ដើម្បី​សម្រាល​បន្ទុក​នៃ​ប្រាក់​បំណុល​ដ៏​ច្រើន​។ ម្យ៉ាង​វិញ​ទៀត​ខ្ញុំ​ក៏​មិន​ចង់​ឲ្យ​​ឪពុក ម្ដាយ​​របស់​ខ្ញុំពិបាក​ចិត្ត​តទៅ​ទៀត​ឡើយ​។
   ខ្ញុំ​ពិបាក​ចិត្ត​ណាស់​ ​ព្រោះ​ថា​បើ​ជំហាន​​ដែល​ខ្ញុំ​ដើរ​ថ្លោះ​ធ្លោយ​នោះ​ នោះ​គ្រួសារ​របស់​ខ្ញុំ​នឹង​រលាយ​ក្នុង​ដៃ​របស់​ខ្ញុំ​ជា​មិន​ខាន​។ ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​មុខ​ក្រាស់​​ហ៊ាន​ខ្ចី​​ប្រាក់​មនុស្ស​គ្រប់​គ្នា​មក​បង្វិល​សង​ម្ចាស់​បំណុល ។ ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​រិះ​ត្បិត ​មិន​ហ៊ាន​ចំណាយ​ទិញ​អ្វី​ច្រើន​​​​សំលៀក បំពាក់ ​ ឬ​របស់​របរ​ប្រើ​ប្រាស់​ថ្មី​ សូម្បី​ចំណី​អាហារ​ក្រៅ​​គឺ​មាន​តែ​អាហារ​បី​ពេល​ប៉ុណ្ណោះ​។
     គោលការណ៍​ថ្មី​ ដែល​ខ្ញុំ​បាន​បង្កើត​សម្រាប់​គ្រួសារ​គឺ​ ​ការ​ចំណាយ​ត្រូវ​តែ​ទាប​ជាង​ចំណូល​។ បើ​ការ​ចំណាយ​ធំ​ជាង​ចំណូល​មាន​ន័យ​ថា​ ​បំណុល​នឹង​កើន​ឡើង​ជា​ប្រចាំ​ថ្ងៃ​។ ដូច្នេះ​ខ្ញុំ​ត្រូវ​រិះ​រក​វិធី​ធ្វើ​បែប​ណា ​ដើម្បី​​ឲ្យ​​ការ​ចំណាយ​សង​បំណុល​ប្រចាំ​ខែ​ ធ្លាក់​ចុះ​ហើយ​ព្យាយាម​បង្កើន​ប្រាក់​ចំណូល​​បន្តិច​ម្ដង​ៗ​។ ​រាល់​ការ​ចំណាយ​ផ្សេងៗ​ ក្នុង​ផ្ទះ​ត្រូវ​កាត់​បន្ថយ​។​ ​អ្វី​ត្រូវ​ចំណាយ​ដុំ​ ត្រូវ​ចំណាយ​ជា​ដំណាក់​ៗ​ ​ព្រោះ​ប្រាក់​នៅ​ក្នុង​ថ្ងៃនេះ​ ​មាន​តម្លៃ​ថ្លៃ​ជាង​ប្រាក់​នៅ​ថ្ងៃ​ស្អែក​។​ សមាជិក​ទាំង​អស់​ត្រូវ​ជួយ​សន្សំសំចៃ​ ​តាម​លទ្ធភាព​ ដែល​អាច​ធ្វើ​ទៅ​បាន​។
   រយៈពេល​ជិត​មួយ​ឆ្នាំ​ដែល​អនុវត្ត​គោលការណ៍​ថ្មី​របស់​ខ្ញុំ។​ ពួក​យើង​ចាប់​ផ្តើម​ស្រាក​ស្រាន​ពី​​ប្រាក់​បំណុល។ ​ប្រាក់​មួយ​ចំនួន​ត្រូវ​បាន​សង​ទៅ​កាន់​ម្ចាស់​បំណុល​​ ហើយ​ប្រាក់​​ដែល​ជំពាក់​ធនាគារ​ក៏​កាត់​បន្ថយ​ដែរ​។ ​ប៉ុន្តែ​ខ្ញុំ​បាន​ក្លាយ​ជា​មនុស្ស​គ្មាន​មិត្តភ័ក្ដិ​ ​គ្មាន​ការ​សប្បាយ​​​។ ​​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ចូល​ចិត្ត​សំងំ​នៅ​កន្លែង​ធ្វើ​ការ​ ​ឬ​អង្គុយ​លេង​នៅ​មាត់​ស្ទឹង​តែ​ម្នាក់​ឯង​។ មាន​មិត្ត​​តិច​​តួច​​ណាស់​ដែល​ដឹង​ពី​បញ្ហា​របស់​ខ្ញុំ​។ ​អ្នក​ខ្លះ​ដឹង​ហើយ​ក៏​គេ​មិន​ជឿ​ខ្ញុំ​ដែរ។​ ​គេ​គ្រាន់​តែ​គិត​ថា​ ខ្ញុំ​រិះ​ មិន​ហ៊ាន​ចំណាយ​លុយ​។ មាន​មិត្ត​ខ្លះ​ទៀត​សួរ​ខ្ញុំ​ថា​ ​តើ​ខ្ញុំ​យក​លុយ​ទុក​ធ្វើ​អ្វី​? ​ខ្ញុំ​ពិត​ជា​មិន​ចង់​បក​ស្រាយ​ច្រើន​ទេ​ព្រោះ​គិត​ថា​ វា​ជា​ការ​ត្អូញត្អែរ​។​ ​​ម្យ៉ាង​ទៀត​ការ​យក​រឿង​គ្រួសារ​ទៅ​បក​ស្រាយ​ច្រើន​ ​វា​ពុំ​មែន​ជា​រឿង​ល្អ។​ ណា​មួយ​ ក៏​មិន​ចង់​ឲ្យ​មិត្ត​ឈឺ​ក្បាល​ចំពោះ​រឿង​ខ្ញុំ​ដែរ​។ ​បើ​និយាយ​ពី​ប្រាក់​ខែ​របស់​ខ្ញុំ​វិញ​ ​មិន​មាន​ចំនួន​ច្រើន​ទេ​ តែ​អាច​និយាយ​បាន​ថា​មាន​ចំនួន​មធ្យម​។ ​​ប៉ុន្តែ​​ពុំ​​ដែល​​មាន​មួយ​កាក់​ ឬ​​មួយ​សេន​ណា​នៃ​ប្រាក់​ទាំង​នោះ​ត្រូវ​បាន​ចំណាយ​ទៅ​លើ​​អ្វី​ដែល​​ខ្លួន​ខ្ញុំ​​ចង់​ចាយ​នោះ​​ទេ។
   ថ្វី​ត្បិត​តែ​គោល​ការណ៍​ថ្មី​​ល្អ​ ​តែ​មិន​អាច​បន្ធូរ​បន្ថយ​សំពាធ​ទាំង​ស្រុង​ ​និង​ទុក​ចន្លោះ​ទំនេរ​សម្រាប់​ខ្ញុំ​ និង​ប្អូន​ស្រី​ខ្ញុំ​អាច​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​បន្ត​ទៀត​បាន​​ទេ។ ម្យ៉ាង​វិញ​ទៀត ​វា​នៅ​តែ​ជា​សំពាធ​ផ្លូវ​អារម្មណ៍​ដល់​ម្ដាយ​ និង​ឪពុក​របស់​ខ្ញុំ​ដដែល​។ ខ្ញុំ​បាន​រិះ​រក​វិធី​ផ្សេង​ដើម្បី​ផ្លាស់​ប្តូរ​ការ​ចំណាយ​នៅ​ក្នុង​គ្រួសារ​។ ​បំណុល​នៃ​គ្រួសារ​របស់​ខ្ញុំ​មាន​ច្រើន​ប្រភព​។ នេះ​ជា​មូល​ហេតុ​ដ៏​ធំ​ដែល​ធ្វើ​​ឲ្យ​​ប្រាក់​ចំណាយ​កើន​ឡើង​ ​និង​រាំង​ស្ទះ​ដល់​ការ​បង្វិល​ប្រាក់​ប្រចាំ​ថ្ងៃ​។​ ដូច្នេះ​វិធី​តែ​ម្យ៉ាង​ត្រូវ​រួម​បញ្ចូល​បំណុល​ទាំង​អស់​ឲ្យ​​នៅ​តែ​មួយ​ ​ឬ​តិច​ប្រភព​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។
      ការងារ​នេះ​វា​មាន​ផល​វិបាក​ណាស់​ព្រោះ​ខ្ញុំ​ត្រូវ​ការ​ប្រាក់​ឲ្យ​បាន​​ច្រើន​យក​មក​បង្វិល​ ហើយ​មនុស្ស​ដែល​គ្មាន​អ្វី​ដូច​ជា​ខ្ញុំ​អាច​ទៅ​រក​ប្រាក់​ទាំង​នោះ​បាន​ដោយ​វិធី​ណា​។​ ពេល​នេះ​ហើយ​ដែល​ខ្ញុំ​ជឿ​ថា ​លទ្ធ​ផល​នៃ​អំពើ​ល្អ​ពិត​ជា​​តម្រូវ​ឲ្យ​មាន​​​ការ​លះបង់​សម្រាប់​គ្រួសារ​របស់​ខ្ញុំ​អស់​១​ឆ្នាំ​នេះ​។ ​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ខ្ញុំ​ជា​ច្រើន​សុទ្ធ​តែ​បាន​មើល​ឃើញ។​ ​ពួក​គេ​មាន​ការ​ស្ញប់​ស្ញែង​ និង​អោយ​តម្លៃ​​ទៅ​លើ​ទឹក​ចិត្ត​របស់​ខ្ញុំ​។ ពួក​គេ​បាន​ជួយ​ជ្រោម​​ជ្រែង​ខ្ញុំ​ ​ដោយ​ព្រម​ឲ្យ​​ខ្ញុំ​ខ្ចី​ប្រាក់​ទាំង​នោះ ​ដោយ​មិន​ទាមទារ​យក​ចំណេញ​អ្វី​ឡើយ​ ទាំង​ដែល​ពួក​គេ​ទើប​តែ​ស្គាល់​ខ្ញុំ​ ​បាន​រយៈ​​ពេល​ខ្លី​ប៉ុណ្ណោះ​។ ខ្ញុំ​ពិត​ជា​សូម​អរគុណ​ជា​អនេក​ដល់​សន្តាន​ចិត្ត​ដ៏​ល្អ​របស់​​ពួក​គេ​ណាស់​។
     ១​ឆ្នាំ​ក្រោយ​មក​ ​ដល់​ពេល​នេះ​ ​អ្វីៗ​ជា​ច្រើន​បាន​ផ្លាស់​ប្តូរ​ ថ្វី​ត្បិត​តែ​យើង​នៅ​តែ​មាន​បំណុល​ តែ​យើង​មិន​មាន​សំពាធ​ដូច​ពេល​មុន​ទេ​ ​ហើយ​អាច​សន្សំ​បាន​ប្រាក់​ខ្លះ​សម្រាប់​​ប្រើ​ប្រាស់​​​ពេល​ចាំ​បាច់។ ​ស្នាម​ញញឹម​នៃ​ក្តី​សង្ឃឹម​បាន​កើត​ឡើង​ជា​ថ្មី​សម្រាប់​គ្រួសារ​ខ្ញុំ។​ ​ខ្ញុំ​បាន​បញ្ចប់​មហាវិទ្យា ល័យ​ ឯ​ប្អូន​ស្រី​របស់​ខ្ញុំ​ក៏​​កំពុង​សិក្សា​ឆ្នាំ​បញ្ចប់។​ បង​ប្រុស​ និង​ប្អូន​ប្រុស​ខ្ញុំ ​គេ​មាន​គ្រួសារ​ និង​មាន​មុខ​របរ​ផ្ទាល់​ខ្លួន​គ្រាន់​តែ​មិន​ទាន់​មាន​ផ្ទះ​ជា​របស់​ខ្លួន​នៅ​ឡើយ​។ ​ចំណែក​​ឯ​ខ្ញុំ​នៅ​តែ​ដូច​ដើម​ គឺ​មិន​អាច​ទិញ​សំភារៈ​ ឬ​របស់​របរ​ថ្មី​ ​មិន​អាច​ទៅ​ហូប​ចុក​ជួប​ជុំ​ជាមួយ​មិត្តភ័ក្ដិ​បាន​ ព្រោះ​ប្រាក់​ខែ​របស់​ខ្ញុំ​គ្រប់​ល្មម​សម្រាប់​តែ​ការ​ចំណាយ​នៅ​ផ្ទះ​។​
    ថ្វី​ត្បិត​យ៉ាង​នេះ​​មែន ​តែ​ខ្ញុំ​មិន​ដែល​មាន​​ការ​សោក​ស្តាយ​អ្វី​នោះ​ទេ​ ព្រោះ​ខ្ញុំ​បាន​ឃើញ​នូវ​​ស្នាម​ញញឹម​របស់​គ្រួសារ​​​ខ្ញុំ​ឡើង​វិញ​​ជាពិសេស​គឺ​លោក​ឪពុក ​និង​អ្នក​ម្ដាយ​របស់​ខ្ញុំ​ ស្ទើរ​តែ​ជិត​មួយ​ឆាក​ជីវិត​របស់​ពួក​គាត់​​​ទេ។ ​ដូច្នេះ​បើ​អាច​កាត់​បន្ថយ​ការ​សប្បាយ​របស់​ខ្ញុំ​ យក​ទៅ​បំពេញ​ភាព​រីករាយ​សម្រាប់​​ពួក​គាត់​បាន​ ​ខ្ញុំ​ក៏​រឹត​តែ​គ្មាន​ការ​សោកស្តាយ​ទៅទៀត។ ប៉ុន្តែ​អារម្មណ៍​សោក​សៅ​មួយ​ ​ដែល​នៅ​តែ​ដិត​ក្នុង​អារម្មណ៍​របស់​ខ្ញុំ​ នោះ​គឺ​អារម្មណ៍​ខុស​ឆ្គង​ចំពោះ​មិត្ត​ភាព​ ដែល​មិត្ត​មាន​ចំពោះ​ខ្ញុំ​។ ​
     ពេល​ខ្លះ​ខ្ញុំ​បដិសេធ​នូវ​សន្តាន​ចិត្ត​ដ៏​ល្អ​របស់​ពួក​គេ​ ព្រោះ​មិន​ចង់​ឲ្យ​គេ​មាន​បន្ទុក​ដោយ​សារ​ខ្ញុំ​។ ​ពេល​ខ្លះ​ខ្ញុំ​មិន​គោរព​សន្យា​ ដែល​បាន​និយាយ​ចំពោះ​គេ​។​ ខ្ញុំ​ពិត​ជា​ចង់​និយាយ​ថា​​អរគុណ ​ដែល​មិត្ត​នៅ​តែ​ហៅ​ខ្ញុំ​ថា​ជា​មិត្ត​ ​ហើយ​ក៏​សូម​ទោស​ផង​ដែរ​ ដែល​ខ្ញុំ​ពុំ​បាន​គោរព​តាម​ពាក្យ​សន្យា​។ ទង្វើ​របស់​ខ្ញុំ ​គឺ​អាច​ជាជោគ​វាសនា​​គ្រួសារ​របស់​ខ្ញុំ​ទាំង​មូល ​​​ព្រោះ​ខ្ញុំ​ជា​បង្គោល​គ្រួសារ​៕
ប្រពភៈ stockidea website
ចែករំលែកតាមរយៈ ហ្គូហ្គលបូក

ម្ចាស់ទំព័រ កង ថាវ

0 វាចារ:

Post a Comment